នាព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ នៅសណ្ឋាគារនិងរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជា ប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គ.ប.ទ.) បាន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “នីតិវិធី នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (State Asset Management-SAM) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (State Asset Register Management Information System-SARMIS) ដល់គ្រប់អង្គភាពប្រើប្រាស់ថ្នាក់កណ្ដាល និង ថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ”។
សិក្ខាសាលានាថ្ងៃនេះ មានការអញ្ជើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ និងជាអនុប្រធាន គ.ប.ទ., ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូល មិនមែនសារពើពន្ធ, តំណាងគ្រប់អង្គភាពប្រើប្រាស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់កណ្តាលទាំង ២៨ និង ថ្នាក់មូលដ្ឋានទាំង ១០៨ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធ នៃលេខាធិការដ្ឋាន គ.ប.ទ. សរុបប្រមាណ ៣៥០ នាក់ ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធី នៃការប្រើប្រាស់ប្រព័ន្ធ SAM ដែលជាប្រព័ន្ធផ្ទៃក្នុងក្រសួង ព្រមទាំងបង្ហាញពីវឌ្ឍនភាព និង ទិសដៅ នៃការប្រើប្រាស់ប្រព័ន្ធ SARMIS ដែលជាប្រព័ន្ធថ្នាក់ជាតិ ជូនសិក្ខាកាមដែលអញ្ជើញមកពីគ្រប់អង្គភាពប្រើប្រាស់ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង អនុលោមភាពនៃច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការគ្រប់គ្រងដំណើរការនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សម្រាប់ផ្ទៃក្នុងក្រសួង ។ ជាមួយនេះ, អង្គសិក្ខាសាលា ក៏បានពិភាក្សាអំពីបញ្ហាប្រឈមជុំវិញការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ចម្ងល់នានាទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ SAM តាមរយៈការបកស្រាយបំភ្លឺ ដោយវាគ្មិនមកពីអង្គភាពជំនាញពាក់ព័ន្ធ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ប្រព័ន្ធ SAM និង SARMIS កកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក្នុងគោលបំណងរៀបចំបង្កើតឱ្យមានប្រព័ន្ធកត់ត្រាបឋមសិន ដើម្បីជួយសម្រួលដល់ការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងកំឡុងពេលដែលយើងត្រូវរង់ចាំការប្រើប្រាស់ប្រព័ន្ធជាលក្ខណៈសកល និង ទម្រង់ស្តង់ដារគណនេយ្យអន្តរជាតិ ដែលមាននៅលើមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្នុងប្រព័ន្ធ FMIS ដែលមុខងារនេះ កំពុងស្ថិតក្នុង ដំណាក់កាលអភិវឌ្ឍ និង កសាងឡើងឱ្យមានភាពប្រទាក់ក្រឡាតាំងពីដំណើរការរៀបចំផែនការថវិកា, ផែនការលទ្ធកម្ម, រហូតដល់ការងារទូទាត់ និង ការធ្វើច្បាប់ទូទាត់ ពោលគឺ មានភាពសុខុដុមនីយកម្ម ទិន្នន័យគ្នារវាង មុខងាររៀបចំផែនការថវិកា, វិភាជន៍ថវិកា, លទ្ធកម្ម, គណនីត្រូវសង, គណនីត្រូវទារ, សៀវភៅធំ, របាយការណ៍ និងការធ្វើសវនកម្មតាមប្រព័ន្ធតែមួយដោយពុំមានការបញ្ចូលទិន្នន័យស្ទួនគ្នា ។
ជាចុងក្រោយ,
ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត
និងផ្តល់អនុសាសន៍មួយចំនួនដល់ក្រុម ការងារលេខាធិការដ្ឋាន គ.ប.ទ. និងបណ្តាអង្គភាពប្រើប្រាស់ទាំងអស់ឱ្យបន្តចូលរួមសហការឱ្យបាន
ស្អិតរមួតក្នុងការអនុវត្តប្រព័ន្ធ SAM ព្រមទាំងការងារគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋផ្ទៃក្នុងក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព
ធ្វើយ៉ាងណាសម្រេចឱ្យបានតាមគោលដៅ នៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រកបដោយគុណភាព
និងទាន់ពេល តាមការកំណត់ដោយ លិខិតបទដ្ឋានគតិយុត្ត ៕